ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រ ពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពី ទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជា តំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១២៤នេះ គឺជាព្រឹត្ដិការណ៍ នៃខួបលើកទី៥២ឆ្នាំ ដែលតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេបានសម្រេចលើរឿងក្ដី ប្រាសាទព្រះវិហារ ។
នៅក្នុងសម័យកាល សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ប្រជា ជនខ្មែរគ្រប់រូបបានចាត់ទុកថាជាមោទនភាពថ្មីមួយទៀត ដែលប្រាសាទព្រះវិហារត្រូវបានក្រុមប្រឹក្សាអន្ដរជាតិស្ដីពី ប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសាកលដ៏ចំណាននោះ ហើយត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។
លោកគង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានមានប្រសាសន៍ថា សម្រាប់រយៈពេល១ ឆ្នាំ២០១២ នេះនៅខេត្តព្រះវិហារទទួលបានកំណើនភ្ញៀវទេសចរសរុបចំនួន ២០០៩៨៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៨១ ៧៩៧នាក់ និងបរទេសមានចំនួន ១៩១៨៨នាក់ ហើយបើយើងធ្វើការប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១១នោះមានចំនួនភ្ញៀវសរុប ១២៥០៣៥នាក់ភ្ញៀវទេសចរជាតិមាន ១១៤៤៦៣ នាក់ និងអន្តរជាតិមានចំនួន ១០៥៧២នាក់ បើគិតជាភាគរយវិញនៅឆ្នាំ២០១២ ភ្ញៀវទេសចរជាតិកើនឡើង ៦០,៧៤ភាគរយ និងបរទេសកើនឡើង ៨១,៤៩ភាគរយ។
អត្ថបទ៖ ទ្រី វ៉ន




No comments:
Post a Comment